ចាំមើលទាំងអស់គ្នា ! ព្រះចន្ទពណ៌ខៀវធំបំផុត ១៥០ឆ្នាំ មានម្ដង នឹងបង្ហាញខ្លួនក្នុងខែមករានេះ.
បរទេស ៖ យោងតាមគេហទំព័រ Space បានចុះផ្សាយឲ្យដឹងថា ចន្ទគ្រាសដំបូងក្នុងឆ្នាំ២០១៨ នេះ គឺជាព្រះចន្ទដ៏ធំបំផុតមួយ ដែលនឹងបង្ហាញខ្លួននៅថ្ងៃទី៣១ ខែមករា ខាងមុខនេះ។
ព្រះចន្ទនេះ ត្រូវបានគេឲ្យឈ្មោះថា «ព្រះចន្ទពណ៌ខៀវ» ហើយវាបង្ហាញខ្លួនតែម្ដងប៉ុណ្ណោះក្នុងរយៈពេល ១៥០ឆ្នាំ។ «ព្រះចន្ទពណ៌ខៀវ» គ្រាន់តែជាឈ្មោះរបស់វាប៉ុណ្ណោះ មិនមែនវាមានពណ៌ខៀវនោះទេ ។ ចន្ទគ្រាសនេះ នឹងបង្ហាញខ្លួនក្នុងអំឡុងពេលពាក់កណ្ដាលអាធ្រាត្រ ហើយអាស៊ីកណ្ដាល, អាស៊ីបូព៌ា, ឥណ្ឌូណេស៊ី, នូវែលសេឡង់ និងអូស្ត្រាលី នឹងអាចមើលទិដ្ឋភាពនេះ យ៉ាងច្បាស់ ។
ចំណែកនៅអាស៊ីខាងលិច, ឧបទ្វីបឥណ្ឌា, មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត នឹងអាចមើលឃើញនៅពេលព្រះចន្ទរះ ។ ចំណែកនៅឯភាគខាងកើត មានដូចជា រដ្ឋអាឡាស្កា, ហាវ៉ៃ និងភាគពាយ័ព្យ នៃប្រទេសកាណាដា នឹងអាចមើលឃើញចន្ទគ្រាសពីដើមដល់ចប់ ហើយសម្រាប់អាមេរិកខាងជើង និងអាមេរិកកណ្ដាល ក៏អាចមើលឃើញផងដែរ ។
«ព្រះចន្ទពណ៌ខៀវ» ធ្លាប់បង្ហាញខ្លួនម្ដងដែរ កាលពីថ្ងៃទី៣១ ខែមិនា ឆ្នាំ១៨៦៦ ។ ដូច្នេះ នៅថ្ងៃទី៣១ ខែមករា ខាងមុខនេះ គឺជាការបង្ហាញខ្លួនរបស់ «ព្រះចន្ទពណ៌ខៀវ» លើកដំបូងក្នុងរយៈពេលជាង ១៥០ឆ្នាំ ។ កុំឲ្យខកខាន សូមរង់ចាំមើលទាំងអស់គ្នា ៕
![](https://www.tvfb.news/uploads/3/%E1%9F%A3%20%E1%9E%98%E1%9E%80%E1%9E%9A%E1%9E%B6%20%E1%9F%A2%E1%9F%A0%E1%9F%A1%E1%9F%A8/Blue-Moon1_large.jpg)
![](https://www.tvfb.news/uploads/3/%E1%9F%A3%20%E1%9E%98%E1%9E%80%E1%9E%9A%E1%9E%B6%20%E1%9F%A2%E1%9F%A0%E1%9F%A1%E1%9F%A8/Blue-Moon3_large.jpg)
![](https://www.tvfb.news/uploads/3/%E1%9F%A3%20%E1%9E%98%E1%9E%80%E1%9E%9A%E1%9E%B6%20%E1%9F%A2%E1%9F%A0%E1%9F%A1%E1%9F%A8/blue-moon2_large.jpg)
No comments:
Post a Comment